27/05/2026
[អបអរសាទរបុណ្យរ៉ាយ៉ាហាជ្ជី បុណ្យប្រពៃណីឥស្លាម ឆ្នាំ២០២៦]
វិហារអ៊ីស្លាមជាតិម៉ាឡេស៊ី គឺជាវិហារអ៊ីស្លាមដ៏ធំ និងសំខាន់មួយរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានសាងសង់ឆ្នាំ ១៩៦៥។ វាត្រូវបានចាត់ទុកថាជាវិហារអ៊ីស្លាមដ៏លេចធ្លោមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចផ្ទុកអ្នកធ្វើពិធីសាសនាបានរហូតដល់ ១៥,០០០ នាក់។
វិហារអ៊ីស្លាមនេះ ត្រូវបានរចនាដោយក្រុមស្ថាបត្យករចំនួន ៣ នាក់ ដោយបង្ហាញពីការរួមបញ្ចូលរវាងស្ថាបត្យកម្មសម័យទំនើប និងអត្តសញ្ញាណអ៊ីស្លាម។ ដំបូលធំសំខាន់មានទម្រង់ជាផ្កាយឆែកចេញជា ១៨ ជ្រុង ដែលតំណាងឱ្យរដ្ឋទាំង ១៣ របស់ប្រទេសម៉ាឡេស៊ី និងគោលគ្រឹះទាំង ៥ នៃសាសនាអ៊ីស្លាម។ ទម្រង់ដំបូលនេះ ក៏ត្រូវបានបំផុសគំនិតពីឆ័ត្របើក ដែលជានិមិត្តសញ្ញាសមស្របនឹងអាកាសធាតុក្នុងប្រទេសផងដែរ។
ការរចនារបស់វិហារអ៊ីស្លាមនេះ ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបទៅនឹងអាកាសធាតុក្តៅសើម និងភ្លៀងធ្លាក់ច្រើនរបស់ប្រទេសម៉ាឡេស៊ី។ បន្ទះបេតុងបត់នៃដំបូលធំ គឺជាដំណោះស្រាយស្ថាបត្យកម្មដ៏ច្នៃប្រឌិត ដែលអាចបង្កើតចន្លោះខាងក្នុងធំទូលាយសម្រាប់សាលធំសម្រាប់ការធ្វើពិធីសាសនា។ បន្ថែមពីនេះ អាងទឹកដែលព័ទ្ធជុំវិញបរិវេណវិហារ មានតួនាទីជួយបន្ថយកម្តៅ និងបង្កើតបរិយាកាសត្រជាក់ស្រួល។
រាន (Veranda) ដ៏ធំទូលាយ និងការបើកចំហរជុំវិញអគារ បានជួយឱ្យមានចរន្តខ្យល់ចេញចូលបានល្អ ដែលជួយកាត់បន្ថយកម្តៅនៅក្នុងអគារ។ រានទាំងនេះ ក៏ផ្តល់ជាម្លប់សម្រាប់អ្នកមកធ្វើពិធីសាសនា ការពារពីកម្តៅព្រះអាទិត្យ និងភ្លៀងផងដែរ។ ការរៀបចំលំហបែបនេះ មិនត្រឹមតែបង្កើនផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាសីតុណ្ហភាពខាងក្នុងវិហារឱ្យត្រជាក់ និងសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕
©TRiSHULAN.30