22/08/2024
“Architecture Sense of Place”
តើអ្នកធ្លាប់ឆ្ងល់ទេ…
តើហេតុអ្វី
-អគារខ្លះជាអគាររដ្ឋបាលតែមើលទៅដូចសាលាឆាន់
-អគារខ្លះជាមន្ទីរពេទ្យតែមើលទៅដូច Apartment
-អគារខ្លះជាសាលារៀនតែមើលទៅដូចសណ្ឋាគារ
-អគារខ្លះជាសណ្ឋាគារតែមើលទៅដូចផ្ទះត្រចៀកកាំ
…
បើនិយាយឲ្យខ្លីទៅ Architecture Sense of Place ជាទំនាក់ទំនងផ្លូវអារម្មណ៍រវាងមនុស្សនឹងលំហ ឬរវាងមនុស្សនឹងរូបភាពស្ថាបត្យកម្ម ថាតើលំហនោះជាលំហអ្វី? លំហនោះមានបំណងអ្វី? លំហនោះសម្រាប់អ្នកណា? លំហនោះដំណើរការបានយ៉ាងដូចម៉េច? តើលំហនោះមានសាច់រឿង និងអាថ៍កំបាំងអ្វីខ្លះ?
យើងអាចបង្កើតទំនាក់ទំនងនេះនៅក្នុងស្ថាបត្យកម្មតាមរយៈកត្តាមួយចំនួនដូចខាងក្រោម៖
1-សកម្មភាពអគារ (User Activities)
យើងរចនាអគារសម្រាប់ឲ្យមនុស្សប្រើប្រាស់ ដូចនេះអ្នករចនាត្រូវតែច្បាស់
អំពីរបៀបដែលមនុស្ស និងអគារមានទំនាក់ទំនងនឹងគ្នា ព្រមទាំងរបៀបដែលមនុស្ស ប្រើប្រាស់លំហនៃអគារនោះ។ ឧទាហរណ៍ សាលារៀនជាប្រភេទអគារស្ថាបត្យកម្មដែលមានសកម្មភាពច្រើន អ្នកប្រើប្រាស់ភាគច្រើនជាកុមារ ឬយុវវ័យ ជាវ័យដែលក្លៀវក្លា ពោរពេញដោយភាពរស់រើក និងថាមពល
ដូចនេះការរចនាសាលារៀនគួរមានលំហបើក មានលំហបៃតង មានលំហកម្សាន្ត និងមានលំហជួបជុំគ្រប់គ្រាន់ ដែលអនុញ្ញាតឲ្យសិស្សសាងភាតរភាព សាងមិត្តភាពរវាងគ្នានឺងគ្នា និងទទួលបានអារម្មណ៍ជាម្ចាស់លំហ។ ទោះបីជាករណីខ្លះលំហផ្ទាល់ដីមានសភាពតូចមិនគ្រប់គ្រាន់ក៏ដោយ ក៏យើងត្រូវតែឆ្លៀតបញ្ចូលជំនួសនូវ Vertical Gathering Spaces ដើម្បីតម្រូវទៅតាម User Behaviors ជាជាងញ៉ុកបន្ទប់រៀនឲ្យបានច្រើនប្រៀបដូចសណ្ឋាគារ គិតតែពីបរិមាណតែមិនគិតពី Performance របស់សិស្ស។
2-អត្ថន័យ (Image Meaning)
តើអគាររបស់អ្នកមានទំនាក់ទំនងអ្វីទៅនឹងតំបន់ជុំវិញ? តើអគារ ឬធាតុនៃអគាររបស់អ្នកតំណាងឲ្យអ្វី? មានន័យយ៉ាងណា? តើអ្នកចង់ប្រាប់រឿងរ៉ាវអ្វីដល់
អ្នកប្រើប្រាស់តាមរយៈស្ថាបត្យកម្មរបស់អ្នក? តើស្ថាបត្យកម្មរបស់អ្នកអាចភ្ញោច និងមានទំនាក់ទំនងយ៉ាងណាជាមួយអារម្មណ៍របស់មនុស្ស? ឧទាហរណ៍នៅក្នុងការរចនាភោជនីយដ្ឋានដើម្បីភ្ញោចអារម្មណ៍អ្នកប្រើប្រើប្រាស់ឲ្យកាន់តែមានចំណង់អាហារ កាន់តែចាប់អារម្មណ៍នឹងអាហារ គេអាចប្រើសម្ភារៈសំណង់បែបភ្លឺរលើបរលោង ភ្លើងស្រទន់ ពណ៌ក្ដៅឆើតៗ ដែលជួយបង្កើតអារម្មណ៍រំភើប និងឃ្លានជាងមុនព្រោះពណ៌ក្តៅៗមានសមត្ថភាពធ្វើឲ្យបេះដូង កន្តាក់ញាប់ជាងមុន និងជួយជម្រុញអត្រាមេតាបូលីសក្នុងសារពាង្គកាយ។ ផ្ទុយទៅវិញ បើអ្នករចនាមន្ទីរពេទ្យដោយផ្អែកលើធាតុស្ថាបត្យកម្មដូចដែលបាន រៀបរាប់នេះ តើនឹងមានរឿងអ្វីកើតឡើង?
3-អត្ថរូប (Physical setting)
យើងត្រូវចេះសង្កេតមើល ដោយត្រូវរចនាឲ្យស៊ីគ្នារវាងសកម្មភាពប្រើប្រាស់ អគាររបស់មនុស្ស មុខងារអគារ និងទម្រង់អគារ។ ឧទាហរណ៍ថាបើយើងរចនាអគារដែលមានសកម្មភាពមនុស្សអ៊ូអរច្រើន យើងអាចជ្រើសរើសទម្រង់អគារដែលមានភាពមិនស្ងប់ មិននឹងនរ ឬបង្គុំបន្ទាត់ច្រើនស្មុគស្មាញដែលញាំងឲ្យ អគារមើលមកមានសភាពរវល់ សមស្របទៅនឹងមុខងារអគារដែលសកម្ម និងមានផលិតភាពខ្ពស់។ ផ្ទុយមកវិញចំពោះសំណង់ដែលមានសកម្មភាពតិច ដូចជាផ្ទះជាដើម យើងអាចជ្រើសរើសទម្រង់ដែលមានសភាពស្ងប់ នឹងនរ លំហូរទន់ភ្លន់ បន្ទាត់ស្ងប់ស្ងាត់ ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ជិតស្និទ្ធ សម្រាក សុវត្ថិភាព និងឯកជនភាព។
យើងរចនាអគារសម្រាប់បម្រើគោលបំណង និងតម្រូវការប្រើប្រាស់របស់មនុស្ស ហេតុនេះរូបរាងអគារ មុខងារអគារ និងបំណងអគារត្រូវតែស៊ីគ្នានឹងអ្នកប្រើប្រាស់ និងរបៀបដែលពួកគេប្រើប្រាស់អគារនោះ ព្រោះមានតែបែបនេះទេទើបស្ថាបត្យកម្ម និងមនុស្សអាចទំនាក់ទំនងគ្នាបានយ៉ាងពិតប្រាកដ។ មនុស្ស និងអគារឆ្លើយឆ្លងគ្នាបាន ទើបស្ថាបត្យកម្មមានជីវិត។
Disclaimer:
If you disagree with those statements, please debate down below with all due to respect.